បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានក្រើនរំឭកដល់សមាជិកក្រុមប្រឹក្សាសន្តិសុខថា ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា បង្កការគម្រាមកំហែងមិន ត្រឹមតែចំពោះសុខភាព សាធារណៈនោះទេ ប៉ុន្តែទាំងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។
លោក Guterres តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើង ស្តីពីការឆ្លងនៃមេរោគកូវីដ១៩ ដែលធ្វើឲ្យមានជាង១,៦លាននាក់ឈឺ និងបង្កឲ្យមានអ្នកស្លាប់ជិត១០០.០០០នាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។
យោងតាមកាសែត UPI ចេញផ្សាយនៅថ្ងៃសុក្រនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានមានប្រសាសន៍ថា វីរុសកូវីដ១៩ គម្រាមកំហែងដល់តំហែទាំសន្តិភាពនិងសន្តិសុខអន្តរជាតិ និងអាចនាំទៅការកើនឡើងនូវភាពចលាចលនិងអំពើហិង្សាសង្គម ដែលនឹងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់សមត្ថភាពរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ៕ ប្រែសម្រួល៖ ប៉ាង កុង