ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បង្ហាញក្តីព្រួយបារម្ភ ជុំវិញករណីចិន ពន្លិចទូកនេសាទវៀតណាម

បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំងក្លា ជុំវិញសេចក្តីរាយការណ៍ថា នាវាការពារតំបន់ឆ្នេរចិន បានបុកពន្លិចទូកនេសាទ វៀតណាមមួយគ្រឿង នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីចុងសប្ដាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ឥរិយាបថរបស់ចិន គឺមានគោលជំហរផ្ទុយគ្នានឹងចក្ខុវិស័យរបស់អាមេរិក ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលប្រទេសទាំងអស់ ទាំងតូចទាំងធំ មានសន្តិសុខក្នុងអធិបតេយ្យភាពរបស់ខ្លួន និងអាចបង្កើនកំណើនសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវក្រឹតក្រម និងទំនៀមរបស់អន្តរជាតិ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានថ្កោលទោសចិន ចំពោះការពន្លិចទូកនេសាទផ្ទុកអ្នកនេសាទ៨នាក់ នៅជិតប្រជុំកោះប៉ារ៉ាសែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយមន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានប្រាប់អ្នកសារព័ត៌មានថា នៅពេលត្រូវនាវាចិនបុកពន្លិចនោះ ទូកនេសាទវៀតណាម កំពុងតែធ្វើការនេសាទតាមប្រក្រតី នៅដែនទឹកអធិបតេយ្យភាពវៀតណាម៕

ប្រែសម្រួល៖ ប៉ាង កុង

To Top