បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានស្នើដល់ភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងវិន័យចំពោះជន ទាំងឡាយណា ដែលរំលោភលើគោលការណ៍ គម្លាតសង្គម និងមិនពាក់ម៉ាស់មុខ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់នៅក្នុងកិច្ចប្រជុំ រដ្ឋាភិបាលមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមមិនមែន ជាប្រទេសតែមួយនៅ លើពិភពលោកដែលដាក់ពង្រាយគម្លាតសង្គម ដើម្បីការពារការរីករាលដាល នៃវីរុសកូវីដ១៩ នោះទេ។
លោកបានថា ប្រជាជនរហូតដល់ទៅ ៤ ពាន់លាននាក់នៅក្នុងប្រទេសចំនួន ៩០ ឬពាក់កណ្តាលនៃចំនួន ប្រជាជនពិភពលោក ត្រូវបានស្នើសុំអោយស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ។
លោកក៏បាននិយាយផងដែរថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានចាប់ផ្តើមធ្វើឱ្យមានពីគម្លាត់សង្គម។ លោកបានបន្ថែមថា “ លទ្ធផលដែលយើងទទួលបានមកទល់ពេលនេះពិតជា មានការលើកទឹកចិត្ត ប៉ុន្តែការគំរាមកំហែងរបស់មេរោគនៅតែមានដដែល” ។
លោក ង្វៀន ស៊ុនហ្វុក បាននិយាយថាគ្មាននរណាម្នាក់គួរធ្វេសប្រហែសចំពោះវិ ធានការគម្លាតសង្គម និងបញ្ឈប់អំពីការប្រុងប្រយ័ត្នរបស់ពួកគេបានឡើយ។
ក្រៅពីការព្រមានមិនឱ្យ មានការប្រមូលផ្តុំគ្នាជាក្រុម នៅតាមទីសាធារណៈ រួមទាំងអ្នកធ្វើលំហាត់ប្រាណ, នៅកន្លែងជាច្រើន គឺប៉ូលីសបានពិន័យចំពោះអ្នកដែលបានរកឃើញថា បានចេញទៅក្រៅក្នុងគោលបំណង“ មិនសំខាន់” ។ ការផាកពិន័យធម្មតាក្នុងករណីបែបនេះគឺ ២០០,០០០ ដុង (៨.៥៨ ដុល្លារ) ។ ក្នុងករណីខ្លះអ្នកដែលមិនអើពើនឹងច្បាប់ ចំពោះការរៀបចំការជួបជុំសាធារណៈ ត្រូវបានពិន័យរហូតដល់ ១២ លានដុង (៥១០ ដុល្លារ) ។ អ្នកដែលមិនពាក់ម៉ាសការពារនៅកន្លែងសាធារណៈ អាចត្រូវពិន័យជាប្រាក់ពី ១០០,០០០-៣០០,០០០ ដុង៕
ប្រែសម្រួលៈ ណៃ តុលា