សិង្ហបុរី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រ ទី១០ ខែមេសា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោក Lee Hsien Loong នៅថ្ងៃនេះបានធ្វើការប្រកាសន្យាថា ប្រទេសសិង្ហបុរីនឹងធ្វើការឲ្យអស់ពីលទ្ធភាពដើម្បីយកចិត្តទុកដាក់ ទៅដល់ក្រុមពលករបរទេស ជាពិសេសសុខភាពរបស់ពួកគេ។
លោកបានបន្តថាសិង្ហបុរី ក៏នឹងធានាផងដែរដល់ជីវិត រស់នៅក្នុងសុខមាលភាព ហើយមិនត្រឹមតែប៉ុណ្ណោះលោកនឹងធ្វើឲ្យមាន ភាពច្បាស់លាស់ថា ពួកគេនឹងអាចត្រឡប់ទៅ កាន់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព ដើម្បីជួបជុំគ្រួសាររបស់គេវិញ។
ថ្លែងនៅក្នុងវិដេអូ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយលោកនាយករដ្ឋមន្ត្រីក៏បានលើកសរសើរ អំពីកិច្ចខំប្រឹងប្រែងរបស់ ក្រុមពលករនិងបុគ្គលិកបរទេស ទាំងឡាយដែលបានធ្វើការ នៅក្នុងប្រទេសនេះ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ ពលករបរទេសត្រូវបានបន្តដាក់ ឲ្យស្នាក់នៅតំបន់ផ្សេងពីគេទៅតាមទីតាំងច្រើនផ្សេងគ្នា ក្នុងប្រទេសដោយលោក Lee បានបញ្ជាក់ដែរថា មានទីតាំងខ្លះមានករណីឆ្លងតិចហើយខ្លះក៏ឆ្លងច្រើន។ លទ្ធផលសរុបក្នុងប្រទេសមានទៅដល់ ២៨៧នាក់ ដែលក្នុងនោះ ២០២នាក់ ដែលមានការពាក់ព័ន្ធ ទៅនឹងក្រុមពលករបរទេស ៕
ប្រែសម្រួល៖ ស៊ុន លី