បរទេស ៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសជប៉ុនប្រហែលជាចាំបាច់ ត្រូវតែបង្កើនវិធានការរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាមេរោគកូវីដ១៩ ក្រោយពីមានករណីឆ្លងវីរុសថ្មី ត្រូវបានគេរកឃើញ នៅក្នុងផ្នែកខ្លះនៃប្រទេស ដែលមិនមានពាក់ព័ន្ធ កន្លែងផ្ទុះឆ្លងមេរោគនោះ។
លោក Michael Ryan ជាប្រធាននៃកម្មវិធីភាពអាសន្ន នៃសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយប្រាប់សន្និសីទកាសែតថា “ប្រទេសជប៉ុន បានឃើញមានករណីកូវីដ១៩ នៅក្នុងខេត្តចំនួន៣ រួមមានទាំងទីក្រុងតូក្យូផង ដែលមានជាប់ពាក់ព័ន្ធនឹងខ្សែចម្លង ហើយនោះមិនល្អនោះទេ ប៉ុន្តែពួកគេកំពុងតែពិនិត្យមើល”។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតថា “ទិន្នន័យដែលខ្ញុំបានឃើញនៅក្នុងព្រឹកនេះ បានធ្វើឲ្យកាន់តែប្រាកដចិត្តថា ពួកគេកំពុងតែធ្វើការតាមដានលើរឿងនេះយ៉ាងខ្លាំងក្លា” ប៉ុន្តែជប៉ុនអាចនឹងចំាបាច់ត្រូវតែបង្កើនវិធានការ នៅក្នុងខេត្តមួយចំនួន៕
ប្រែសម្រួល៖ប៉ាង កុង