ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ស្ទាក់ដំណើរយន្តហោះ ល្បាតរុស្ស៊ី នៅជិតអាឡាស្កា

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង យន្តហោះចម្បាំងកងទ័ព អាកាសសហរដ្ឋអាមេរិក បានស្ទើរដំណើរយន្តហោះ ល្បាតរបស់រុស្ស៊ីពីរគ្រឿង នៅជិតរដ្ឋអាឡាស្កា នាសប្ដាហ៍នេះ។

តាមសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័ររបស់ ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-22 Raptors បានស្ទាក់ដំណើរយន្តហោះរុស្ស៊ី IL-38 ពីរគ្រឿង ដែលចូលទៅក្នុងតំបន់កំណត់ការពារ ដែនអាកាសអាឡាស្កា នៅសមុទ្រ Bering Sea ខាងជើងកោះ Aleutian កាលពីថ្ងៃពុធសប្ដាហ៍នេះ។

លោក Terrence J. O’Shaughnessy ជាអគ្គមេបញ្ជាការនៃទីបញ្ជាការការពារដែនអាកាស អាមេរិកខាងជើង បាននិយាយដូច្នេះថា “នេះគឺព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងពេលមួយខែកន្លងទៅ ដែលយើងស្ទាក់ដំណើរ ប្រតិបត្តិការយន្តហោះរុស្ស៊ី ដែលជិតចូលដល់ប្រទេសរបស់ យើង ហើយយើងនៅតែបន្តធ្វើ បេសកកម្មការពារទឹកដីរបស់យើង ជាមួយនឹងសមត្ថភាពដូចៗគ្នា ដែលយើងតែងតែនាំយកទៅប្រយុទ្ធ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top