បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានអំពាវនាវឲ្យមានវិធានការ ទប់ទល់វីរុសកាន់តែតឹងរឹង និងហ្មត់ចត់ខ្លាំងឡើង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ពីការឆ្លងវីរុសកូវីដ១៩ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយមួយ របស់គណៈកម្មាធិការកណ្ដាល របស់បក្សកាន់អំណាច។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា វីរុសដែលឆ្លងរីករាលដាលខ្លាំង បានបង្កើតឲ្យមានឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងដំណើរកសាងសេដ្ឋកិច្ច ប៉ុន្តែបានបន្ថែមទៀតថា ប្រទេសបាននិងកំពុងតែរក្សា ស្ថានភាពប្រឆាំងវីរុស យ៉ាងមានស្ថិរភាព ។
នៅក្នុងកិច្ចប្រជុំនៃការិយាល័យ នយោបាយរបស់គណៈកម្មាធិការកណ្ដាល នៃបក្សពលករកូរ៉េ កាលពីថ្ងៃសៅរ៍នោះ សេចក្តីសម្រេចរួម ត្រូវបានធ្វើឡើងដើម្បីចាត់វិធានការ ថា្នក់ប្រទេសកាន់តែហ្មត់ចត់ឡើង សម្រាប់ការពារអាយុជីវិត និងសុវត្ថិភាពប្រជាជន ឲ្យគេចផុតពីជម្ងឺឆ្លងដ៏កាចសាហាវ ដែលកំពុងតែរាតត្បាត លើពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង