ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមហន្តរាយ ដោយព្យុះស៊ីក្លូន វាយប្រហារតំបន់ប៉ាស៊ីហ្វិក

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) បានសម្តែងការសោកស្តាយ យ៉ាងខ្លាំងបំផុត ដោយបានទទួលនូវរបាយការណ៍ នៃការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញ ដោយសារព្យុះត្រូពិចស៊ីក្លូន Harold នៅក្នុងតំបន់ប៉ាស៊ីហ្វិក ។ អ្នកនាំពាក្យរបស់គាត់ បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

លោក Stephane Dujarric អ្នកនាំពាក្យបានថ្លែងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ បានបង្ហាញក្តីសោកសង្រេង យ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ជីវិតពលរដ្ឋ នៅតំបន់ប៉ាស៊ីហ្វិក ខណៈដែលពួកគេ ប្រឈមមុខនឹងផលប៉ះពាល់ ដោយព្យុះស៊ីក្លូន ដោយសារតែការបំរ៉ែបំរួលអាកាសធាតុ រួមទាំងការឆ្លងវីរុសកូរ៉ូណា ដែលបានបន្ថែមក្តីបារម្ភយ៉ាងខ្លាំង ។

ប្រទេសដែនកោះ វ៉ាន់ណាទូ ហ្វីជី កោះសូឡូម៉ុង និងតុងហ្គា ផ្ទះសម្បែងជាច្រើ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយបង្កផលប៉ះពាល់ ដល់ពលរដ្ឋរាប់ពាន់នាក់ ហើយពេលនេះ ចាំចាច់ត្រូវរកកន្លែងស្នាក់អាស្រ័យ តម្រូវការទឹកប្រើប្រាស់ អនាម័យ និងចំណីអាហារសម្រាប់ហូបចុក ។ សេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ។

លោក Guterres បានថ្លែងថា រដ្ឋាភិបាលទាំងឡាយ និងបណ្តាអ្នកឆ្លើយតប នឹងគ្រោះមហន្តរាយបឋម នៅក្នុងប្រទេសជាច្រើន ដែលរងនូវផលប៉ះពាល់ ត្រូវបង្កើនការងារ ដើម្បីឲ្យពលរដ្ឋទទួលបានសុវត្ថិភាព នៅមុនពេលព្យុះបានមកដល់ និងជួយបំពេញតម្រូវការចាំចាច់ នៅពេលខាងមុខ ។ អង្គការសហប្រជាជាតិ នៅតែរក្សាជំហរ ដោយត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយគាំទ្រដល់បញ្ហាទាំងនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សព្វផ្សាយឲ្យដឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top