ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កូរ៉េខាងជើង បន្តបាញ់មីស៊ីលរយៈចម្ងាយជិត ជាច្រើនគ្រាប់បន្ថែមទៀត ចូលសមុទ្រជប៉ុន

បរទេស៖ យោងតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ព័ត៌មាននេះកើតឡើង តែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានសាកល្បង ប្រព័ន្ធបាញ់កាំជ្រួចរ៉ុក្កែតចម្រុះដ៏ធំមួយ ដោយបានបាញ់មីស៊ីល រយៈចម្ងាយជិត ចំនួនពីរគ្រាប់ ពីវ៉ុនសាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម របាយការណ៍ពី យ៉ុនហាប់ នៅថ្ងៃអង្គារនេះ ដោយដកស្រង់សំដី នាយសេនាធិការចំរុះ របស់កូរ៉េខាងត្បូង (JSC)ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដែលគេជឿថា ជាមីស៊ីលរយៈចម្ងាយជិត។ មីស៊ីលទាំងនោះ ត្រូវបានគេរាយការណ៍ថា បាញ់ចេញពីខេត្ត Kangwon ចូលទៅក្នុងសមុទ្រជប៉ុន ដោយហោះចម្ងាយជាង ១៥០ គីឡូម៉ែត្រ (៩៣ ម៉ាយល៍) ។

JSC បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើង កំពុងឃ្លាំមើលនិងរក្សាការត្រៀមខ្លួន ដោយមើលឃើញពីសកម្មភាពយោធា ដែលអាចកើតមានបន្ថែមទៀត ដោយកូរ៉េខាងជើង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់ នូវព័ត៌មានបន្ថែម” ។

នៅពេលនេះ មិនទាន់មានការអត្ថាធិប្បាយ ជាផ្លូវការណាមួយ ស្តីពីការបាញ់មីស៊ីល ពីអាជ្ញាធរកូរ៉េខាងជើងនោះទេ។ ប្រទេសនេះ ក៏បានធ្វើការបាញ់បង្ហោះចំនួន ៣ ផ្សេងៗគ្នា កាលពីខែមុនគឺនៅថ្ងៃទី ២ ខែមីនា ថ្ងៃទី៩ មីនា និងថ្ងៃទី ២១ ខែមីនា៕ ប្រែសម្រួលៈ ណៃ តុលា

To Top