ព័ត៌មានអន្តរជាតិ

IMF៖ ពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់បំផុត មិនធ្លាប់មាន ក្នុងសតវត្សរ៍នេះ

បរទេស៖ នៅសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថាIMF បានធ្វើការព្រមាន ថាកម្រិតវិបត្តិសេដ្ឋកិច្ច ក្នុងពេលនេះនឹង ធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជិត មួយសតវត្សរ៍នេះ ហើយបានព្រមានថា ការធ្លាក់ចុះនិងការស្ទុះងើប នៃសេដ្ឋកិច្ចពិភពលោកនឹងអាក្រក់ជាងការរំពឹងទុកប្រសិនបើCOVID19 នឹងនៅតែអូសបន្លាយ ឬអាចត្រឡប់មកវិញនោះ។

នៅក្នុងការស្ទាបស្ទង់ដំបូង របស់អង្គការសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយរបាយការណ៍ តាំងតែពីពេលមេរោគកូវីដ-១៩ អាចឲ្យយើងឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសធំៗ ជាបន្តបន្ទាប់បានធ្លាក់ចុះ ហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ IMF បានទស្សន៍ទាយថា Gross Domestic Productឬផលិតផលក្នុងសរុបរបស់ពិភពលោក នឹងធ្លាក់ចុះទៅដល់៣ភាគរយ។

បើប្រៀបធៀប ទៅនឹងតួលេខ ដែលមានកាលពីខែមករា ដែលមានកំណើនដល់ទៅ៣,៣ភាគរយ នៃGDPនោះមានន័យថាវាគឺ ជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលតួលេខធ្លាក់ចុះ នៃសេដ្ឋកិច្ច កាលពីឆ្នាំ២០០៩ជាគ្រាដែលពិភពលោក ជួបវិបត្តិហិរញ្ញវត្ថុនោះ គឺតួលេខធ្លាក់ចុះមានតែត្រឹម០,១ភាគរយប៉ុណ្ណោះ ។

ទោះបីជាកន្លងមកIMFបានទស្សទាយថា នឹងមានកំណើន GDP ដល់ទៅ៥,៨ភាគរយ នៅឆ្នាំក្រោយ ដែលជាតួលេខកើនឡើងខ្ពស់បំផុត គិតចាប់តាំងតែពីឆ្នាំ១៩៨០នោះ ប៉ុន្តែក្រោយការមកដល់ នៃមេរោគកូវីដ១៩មានន័យ ថា ពិភពលោកនឹងត្រៀមខ្លួនទៅ នឹងការធ្លាក់ចុះដ៏ខ្លាំងក្លា ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងការនាំចេញ នាំចូលទំនិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top