បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសនៅថ្ងៃពុធនេះថា នឹងបន្លាយពេលក្នុងការហាមប្រាមរាល់ ការហោះហើរចូល ក្នុងប្រទេសគិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ។
លោក Chula Sukmanop ប្រធាន CAAT បានថ្លែងថា “ការហាមប្រាមគឺផ្តើមឡើង តាមការស្នើឡើង កាលពីថ្ងៃទី០៣ ខែមេសា ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីបណ្តាអ្នកដំណើរមកពីបរទេស និងត្រឡប់មកប្រទេសថៃឡង់ដ៏វិញ” ។ “យ៉ាងណាមិញ យើងបានធ្វើការវាយតម្លៃ យ៉ាងយកចិត្តទុកដាក់បំផុត និងបានសម្រេចចិត្តលើ បញ្ហានេះដើម្បីសុវត្ថិភាព ដោយនឹងបន្លាយពេលហាមប្រាម ការហោះហើរចូល រហូតដល់ចុងខែមេសានេះ” ។
លោក Chula បានថ្លែងថា ស្ថិតក្រោមការហាមប្រាម មិនមានការហោះហើរណាមួយត្រូវបានអនុញ្ញត នោះទេ លើកលែងតែការធ្វើដំណើរដោយ កងទ័ពអាកាសតែប៉ុណ្ណោះ ធ្វើការចុះចតនៅក្នុងប្រទេសថៃឡង់ដ៏ ឬក៏យន្តហោះប្រតិភូបំពេញបេសកកម្ម ការចុះចតបន្ទាន់ ការចុះតាមបច្ចេកទេស ដោយមិនត្រូវបានហាមឃាត់ឡើយ ហើយរួមទាំងបេសកកម្មមនុស្សធម៌ ក្រុមគ្រូពេទ្យ ឬការនាំយកក្រុមជួយសង្គ្រោះ និងយន្តហោះដឹកទំនិញជាដើម ។
គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៣០នាក់ ដែលធ្វើឲ្យអ្នកឆ្លងសរុបមានចំនួនដល់ទៅ ២.៦៤៣នាក់ ដែលមានអ្នកស្លាប់ថេរចំនួន ៤៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា