តូក្យូ៖ ការស្ទង់មតិរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ប្រជាជនជាង ៨០ ភាគរយជឿជាក់ថា រដ្ឋាភិបាល គួរតែផ្តល់សំណងដល់អាជីវកម្ម ដែលបានអនុវត្ត តាមការស្នើសុំ ដើម្បីបញ្ឈប់ប្រតិបត្តិការក្នុងការឆ្លើយតប ទៅនឹងការកើនឡើង នៃការឆ្លងមេរោគវីរុសកូវីដ-១៩ នៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន។
នៅក្នុងការស្ទង់មតិតាមទូរស័ព្ទទូទាំង ប្រទេសរយៈពេល ៤ ថ្ងៃគិតពីថ្ងៃច័ន្ទអ្នកឆ្លើយសំណួរ ៨០,៤ ភាគរយបាននិយាយថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ ស្តីពីស្ថានភាពអាសន្នកាលពីសប្តាហ៍មុននៅទីក្រុងតូក្យូអូសាកា និងអាណាខេត្តចំនួន ៥ ផ្សេងទៀតបានយឺតពេលទៅហើយ។
នៅក្នុងការឆ្លុះបញ្ចាំងពីការរិះគន់បែបនេះការវាយតម្លៃ នៃការយល់ព្រមជាសាធារណៈ សម្រាប់គណៈរដ្ឋមន្រ្តី របស់លោក អាបេ បានធ្លាក់ចុះ ៥,១ ភាគរយពីការស្ទង់មតិមុន នៅចុងខែមីនា ដល់ ៤០,៤ ភាគរយ។ អត្រាការមិនពេញចិត្ត បានឈានដល់ ៤៣ ភាគរយដែលនេះជាលើកទី ១ ហើយដែលវាបានកើនលើសអត្រាអនុម័ត ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ៕
ដោយ ឈូក បូរ៉ា