បរទេស៖ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ប្រទេសរុស្ស៊ី នឹងបង្ហាញគោលជំហរខ្លួន ចំពោះការអំពាវនាវ របស់អង្គការសហប្រជាជាតិ ឲ្យមានបទឈប់បាញ់គ្នាជាសកល ដូច្នេះពិភពលោក អាចផ្តោតលើការរាតត្បាត នៃវីរុសកូរ៉ូណា។
នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសរុស្ស៊ី បានរាយការណ៍ អំពីករណី ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៣.៤៤៨ករណី គឺបានឡើងពីចំនួន៣.៣៨៨ករណី ហើយមានករណីស្លាប់ សរុបចំនួន២៣២ករណី នេះបើតាមការនិយាយប្រាប់ឲ្យដឹង ពីមជ្ឈមណ្ឌលឆ្លើយតប វិបត្តិវីរុសកូរ៉ូណារុស្ស៊ី។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយថា លោកធានារក្សាកិច្ចព្រមព្រៀង របស់សមាជិកអចិន្ត្រៃយ៍៣ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍៥ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គាំទ្រដល់ការអំពាវនាវ ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ី ដែលក៏ជាសមាជិកមួយដែរនោះ នឹងគាំទ្រវា៕ ប្រែសម្រួល៖ប៉ាង កុង