ព័ត៌មានអន្តរជាតិ

ជប៉ុននឹងប្រមូលព័ត៌មាន ក្រោយមានសេចក្តីរាយការណ៍ ពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងធ្វើកិច្ច ខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីប្រមូលយកព័ត៌មាន និងការវិភាគនានា បន្ទាប់ពីមានសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោក Toshimitsu Motegi បាននិយាយប្រាប់ សន្និសីទកាសែតមួយដូច្នេះថា “យើងចង់បន្តធ្វើឲ្យអស់ ពីលទ្ធភាពរបស់យើង ក្នុងការប្រមូលនិងធ្វើការវិភាគលើព័ត៌មាន ទន្ទឹមគ្នានឹងការធ្វើការងារយ៉ាងជិតស្និទ្ធិ ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅមុននេះ កាសែត ស៊ីអិនអិន បាននិយាយថា លោក គីម ជុងអ៊ុន កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយធ្វើការវះកាត់រួច ចំណែកប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូងចំនួនពីរ បាននិយាយថា លោក គីម មិនឈឺធ្ងន់នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top