បរទេស ៖ មន្ត្រីកូរ៉េខាងត្បូង និងមន្ត្រីចិន នៅថ្ងៃអង្គារនេះ បានធ្វើឲ្យមានមន្ទិលសង្ស័យ ស្តីពីសេចក្តីរាយការណ៍ ដែលថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានជម្ងឺ ក្រោយប្រព័ន្ធផ្សព្វផ្សាយ និយាយថា លោកបាន ទទួលការវះកាត់ សរសៃឈាមបេះដូង ហើយកំពុងស្ថិតនៅ ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ស្របពេលមន្ត្រី សហរដ្ឋអាមេរិក ពិនិត្យមើលយ៉ាង យកចិត្តទុកដាក់ ចំពោះសេចក្តី រាយការណ៍នោះ ។
លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយ នាថ្ងៃអង្គារនេះថា “យើងកំពុងតែពិនិត្យមើលយ៉ាង យកចិត្តទុកដាក់ ចំពោះសេចក្តីរាយ ការណ៍ទាំងនេះ” ប៉ុន្តែលោកមិនបានផ្តល់ សេចក្តីលម្អិតផ្សេងទៀតនោះទេ ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Daily NK ជាគេហទំព័រឯកទេសមានមូលដ្ឋាន នៅក្នុងទីក្រុងសេអ៊ូល បាននិយាយថា លោក គីម ជុងអ៊ុន បានចូលមន្ទីរពេទ្យ កាលពីថ្ងៃទី១២ ខែមេសា គឺត្រឹមតែប៉ុន្មានម៉ោង មុនធ្វើការវះកាត់សរសៃឈាមបេះដូង ដោយសារសុខភាព របស់លោកបានធ្លាក់ចុះដុនដាប ចាប់តាំងពីខែសីហាមក ដោយសារពិសាបារីច្រើន ការធាត់ហួស និងការធ្វើការងារច្រើនជ្រុល ៕
ប្រែសម្រួល៖ប៉ាង កុង