បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា គ្រប់ប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោកទាំងអស់ គួរតែគាំទ្រដល់ការស៊ើបអង្កេត ឯករាជ្យដែលបានស្នើឡើង ចំពោះការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ ហើយនេះជាការគម្រាម កំហែងបន្ថែមទៀត ដល់ចំណងមិត្តភាពដែលជាប់គាំងស្រាប់ ជាមួយប្រទេសចិន។
នៅក្នុងទីក្រុងកង់បេរ៉ា លោក Scott Morrison តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងចង់ឲ្យពិភពលោក មានសុវត្ថិភាពឡើង នៅពេលដែលវាមានពាក់ព័ន្ធនឹងវីរុសនានា ហើយខ្ញុំសង្ឃឹមថា ប្រទេសដទៃណាមួយក៏ដោយ មិនថាប្រទេសចិន ឬក៏ប្រទេសផ្សេងនោះទេ នឹងមានគោលដៅដូចគ្នា”។
គួរបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសអូស្ត្រាលី ប៉ុន្តែចំណងមិត្តភាពការទូត បានធ្លាក់ថយចុះ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានការចោទប្រកាន់ថា ប្រទេសចិន បានធ្វើការវាយប្រហារតាមអ៊ីនធឺណេត និងប៉ុនប៉ងជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់ទីក្រុងកង់បេរ៉ា ៕
ប្រែសម្រួល៖ ប៉ាង កុង