វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានទទូចដល់ ប្រទេសចិន ឱ្យធ្វើតាមការសន្យា របស់ខ្លួនលើស្វ័យភាព របស់ហុងកុង និងបានអំពាវនាវ កុំឱ្យមានអាកប្បកិរិយាបង្កហេតុរបស់ខ្លួន ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធអ្នកការទូតកំពូល រូបនេះ បានសម្តែងការព្រួយបារម្ភ ចំពោះការបង្ក្រាបក្រុមសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ របស់ហុងកុងកាលពីចុងសប្តាហ៍ ដោយចង្អុលទៅលើប្រទេសចិន ចំពោះការលុបបំបាត់ស្វ័យភាព ទឹកដីមួយនេះ។
លោក Pompeo បានបញ្ជាក់ថា“ បក្សកុម្មុយនិស្តចិន កំពុងកេងចំណេញពីការផ្តោត អារម្មណ៍របស់ពិភពលោកលើវិបត្ដិជំងឺកូវីដ-១៩ ដោយបន្តអាកប្បកិរិយាបង្កហេតុរបស់ខ្លួន” ។
នៅក្នុងទីក្រុងហុងកុង ដែលមានការខិតខំប្រឹងប្រែង កាន់តែខ្លាំងឡើង ដោយទីក្រុងប៉េកាំង ដើម្បីលុបបំបាត់ស្វ័យភាព អាជ្ញាធរអនុវត្តច្បាប់ បានចាប់ខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យរួមទាំង លោកម៉ាទីនលី អាយុ ៨១ ឆ្នាំ៕
ដោយ ឈូក បូរ៉ា