ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទំាងពិភពលោក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងលើសពី ២០០.០០០នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ។
សាកលវិទ្យាល័យខាងលើ បានបង្ហាញទិន្នន័យឲ្យដឹងថា ពលរដ្ឋសរុបចំនួន ២០០.៦៩៨នាក់ បានស្លាប់ដោយសារជំងឺ គិតត្រឹមម៉ោង ១និង៥០នាទីល្ងាច ត្រូវនឹងម៉ោង ១៧និង៥០នាទី ម៉ោងសកល ក្នុងចំណោមពលរដ្ឋនៅទូទាំងពិភព លោកដែលបានឆ្លងជំងឺ ២.៨៦៥.៩៣៨នាក់ ។
សហរដ្ឋអាមេរិក ជាប្រទេសដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេបំផុត ដោយមានអ្នកស្លាប់រហូតដល់ ៥២.៧៨២នាក់ និងមានអ្នកឆ្លងជំងឺកើនឡើងដល់ ៩២៤.៥៧៦នាក់ ។ អ៊ីតាលី មានក្នុងកំណត់ត្រា ២៦.៣៨៤នាក់ដែលបានស្លាប់ និងអេស្ប៉ាញ ២២.៩០២នាក់ ។ បារាំង និងអង់គ្លេស ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ជាង ២០.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា