ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស បានរាយការណ៍កាលពីយប់ ថ្ងៃសៅរ៍ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស នឹងវិលត្រឡប់ទៅបម្រើការងារ ជាធម្មតាវិញ នៅ Downing Street នៅថ្ងៃចន្ទ ដែលគិតទៅមាន រយៈពេលប្រហែល២សប្តាហ៍ ក្រោយពីគាត់ស្ថិត នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ បង្កដោយវីរុសកូរ៉ូណា ។
លោក Johnson បានប្រាប់ដល់ គណៈរដ្ឋមន្ត្រីរបស់គាត់ ថា គាត់ នឹងវិលទៅធ្វើការជាធម្មតា តាមការគ្រោងទុក បន្ទាប់ពីការព្យាបាល រោគរបស់គាត់ គឺកូវីដ១៩ នៅមន្ទីរពេទ្យ St. Thomas’ Hospital នៅក្នុងក្រុងឡុងដ៏ ។
លោក Johnson បានចំណាយពេល៣យប់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបានស្នាក់នៅវិមាន នាយករដ្ឋមន្ត្រី រយៈពេល១សប្តាហ៍ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ។
ក្រសួងសុខាភិបាលអង់គ្លេស បានឲ្យដឹងថា មានមនុស្សចំនួន៨១៣នាក់ បានស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ គិតត្រឹមម៉ោង១៦និង០០នាទី ម៉ោងសកលកាលពីថ្ងៃសុក្រ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់ បានកើនឡើងដល់២០.៣១៩នាក់ ដែលធ្វើឲ្យប្រទេសអង់គ្លេស ឈរលើលេខរៀងទី៥ ដែលជាប្រទេសមានអ្នកស្លាប់លើសពី២០.០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ និងបារាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា