ព័ត៌មានអន្តរជាតិ

ប៉ូលិសឥណ្ឌូនេស៊ី ព្យាយាមរារាំង ពលរដ្ឋរាប់ពាន់នាក់ កុំឲ្យធ្វើដំណើរទៅស្រុក ចូលរួមបុណ្យសាសនា

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសឥណ្ឌូនេស៊ី បានរារាំងពលរដ្ឋរាប់ពាន់នាក់ ដែលមានបំណងធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យសាសនាឥស្លាម ខណៈដែលប្រទេសនេះ កំពុងរឹតត្បិតការឆ្លងរាលដាលជំងឺកូវីដ១៩ ។

មេអគ្គបញ្ជាការប៉ូលិសចរាចរណ៍ជាតិ កាលពីថ្ងៃអាទិត្យបានថ្លែងថា រថយន្តប៉ូលិសជិត៥.០០០គ្រឿង បានដាក់បាំងផ្លូវដោយមានប៉ូលិសជំនាញ និងបានដាក់បញ្ជាដល់ពួកគេ ដើម្បីវិលត្រឡប់ទៅ កាន់ក្រុងនានារៀងៗខ្លួនវិញ ក្នុងនោះរួមមាន រដ្ឋធានីហ្សាការតា ដែលពួកគេបានធ្វើដំណើរចាកចេញមក ។

លោកមេបញ្ជាការបានបញ្ជាក់ថា ជាថ្មីម្តងទៀត ប៉ូលិសបានជំរុញឲ្យជៀសវាង ការធ្វើដំណើរទៅកាន់ស្រុកកំណើត នៅក្នុងអំឡុងពេលបុណ្យសាសនាឥស្លាម ដែលគេហៅថា រ៉ាម៉ាដន នោះ នឹងត្រូវបញ្ចប់ក្នុងខែ ហើយបុណ្យសាសនា Eid al-Fitr និងបន្តរហូតដល់ថ្ងៃទី២៤ ខែឧសភា ខាងមុខ ។

អគ្គមេបញ្ជាការបានឲ្យដឹងថា “យើង បានស្នើដល់អ្នកដំណើរទាំងឡាយ សុំកុំធ្វើឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅកាន់កន្លែងផ្សេងៗទៀត” ។

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុប៧៤៣នាក់ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺ រហូតដល់៨.៨៨២នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top