ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង ព្យាយាមបង្ហាញ ភស្តុតាងថា លោក គីម ជុងអ៊ុន នៅមានជីវិត

បរទេស ៖ ជាមួយនឹងពាក្យចចាមអារាម ដែលនិយាយអំពីមេដឹកនាំ កូរ៉េខាងជើងលោក គីមជុងអ៊ុន, កាសែតរដ្ឋរបស់កូរ៉េខាងជើង បានព្យាយាមបង្ហាញថា មេដឹកនាំកំពូលរបស់ខ្លួន គឺនៅរស់ និងមានសុខភាពល្អ ដោយរាយការណ៍ថា លោកបានផ្ញើលិខិតថ្លែងអំណរគុណ ដល់អ្នកសាងសង់នៅក្នុងរមណីយដ្ឋាន មាត់សមុទ្រមួយ។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កាសែត Rodong Sinmun បានអះអាងនៅថ្ងៃច័ន្ទថា លោកគីម បានសរសេរសារទៅអ្នកសាងសង់ ដែលកំពុងធ្វើការលើគម្រោង ទេសចរណ៍មួយនៅក្នុងទីក្រុង វ៉ុនសានដែលកូរ៉េខាងត្បូងជឿជាក់ថា មេដឹកនាំរូបនេះបាន ស្នាក់នៅតាំងពីថ្ងៃទី ១៣ ខែមេសា ។

កាសែត Rodong Sinmun បានរាយការណ៍ថា «មេដឹកនាំកំពូល គីមជុងអ៊ុន បានផ្ញើការដឹងគុណដល់កម្មករដែលបានលះបង់ខ្លួនឯងដើម្បីសាងសង់តំបន់ទេសចរណ៍ វុនសាន – កាម៉ា។

បើយោងតាម យ៉ុនហាប់ បានឱ្យដឹងទៀតថា ស្ថានីយវិទ្យុកណ្តាលកូរ៉េ បានធ្វើរបាយការណ៍ស្រដៀងគ្នានេះដែរ។

របាយការណ៍នេះ គឺជារបាយការណ៍ចុងក្រោយអំពីបុរសខ្លាំង របស់កូរ៉េខាងជើងដែលជាប្រធានបទ នៃការរំពឹងទុកយ៉ាងខ្លាំងនាពេលថ្មីៗនេះថា គាត់បានទទួលមរណភាព, ក្លាយជាមនុស្សរុក្ខជាតិ ឬដូចដែលប្រទេសកូរ៉េខាងត្បូង និយាយថា លោក គីម គឺមិនអីនោះទេ ។

គេហទំព័រឃ្លាំមើល សហរដ្ឋអាមេរិក ៣៨ North បានរាយការណ៍ ថា រូបភាពពីផ្កាយរណប បានបង្ហាញពីអ្វីដែលមើលទៅដូចជារថភ្លើងផ្ទាល់ខ្លួន របស់លោកគីមដែលចត នៅស្ថានីយ៍មួយក្នុង“ បរិវេណ ទីក្រុង វុនសាន ចាប់តាំងពីយ៉ាងហោចណាស់ ២១ មេសា” ។

របាយការណ៍នោះបាននិយាយថា “ វត្តមានរបស់រថភ្លើងមិនបង្ហាញ ពីទីជម្រករបស់មេដឹកនាំកូរ៉េខាងជើង ឬបង្ហាញអ្វីអំពីសុខភាពរបស់គាត់នោះទេ ប៉ុន្តែវាផ្តល់នូវទម្ងន់ដល់ របាយការណ៍ដែលថា លោកគីមកំពុងស្នាក់នៅតំបន់អភិជន នៅឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង” ។

សំណួរទាក់ទងនឹងសុខភាព របស់មេដឹកនាំផ្តាច់ការ នៅឯក្រៅប្រទេស បានផ្ទុះឡើងបន្ទាប់ពីលោកបានខកខាន ពិធីរំលឹកខួបទី ១០៨ នៃថ្ងៃកំណើតគម្រប់អាយុ ១០៨ ឆ្នាំរបស់ជីតាលោកគឺលោក គីមអ៊ីលស៊ុង ស្ថាបនិកនៃព្រះរាជាណាចក្រខាងជើងរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top