ព័ត៌មានអន្តរជាតិ

តំបន់ជាច្រើន នៅក្រុងញ៉ូវយ៉ក នឹងបន្ថែមពេលវេលាបិទ ស្របពេលជំងឺកូវីដ១៩ កំពុងបន្តរាលដាលខ្លាំង

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា លោក Andrew Cuomo អភិបាលក្រុងញ៉ូវយ៉ក បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបន្តពេល ដើម្បីបិទនៅក្នុងតំបន់ ដែលរងគ្រោះធ្ងន់ធ្ងរ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំង ។

លោក Cuomo បានលើកឡើងអំពីស្ថានភាព ប្រចាំថ្ងៃរបស់គាត់ថា “ថ្ងៃទី១៥ ខែឧសភា គឺជាពេលដែលត្រូវបញ្ចប់នូវសុពលភាព នៃការបិទទូទាំងរដ្ឋនេះ ។ ខ្ញុំ នឹងបន្តពន្យាពេលបន្ថែមទៀត សម្រាប់តំបន់ជាច្រើននៅក្នុងរដ្ឋនេះ” ។

ការដាក់បញ្ជាឲ្យបិទ ចំពោះការធ្វើពាណិជ្ជកម្មណាមួយ ដែលមិនចាំបាច់ និងបិទសាលារៀន សាធារណៈនៅទូទាំងរដ្ឋ ដែលបានចូលជាធរ មានកាលពីថ្ងៃទី២២ ខែមីនា និងបានពន្យាពេល២លើក នៅមុនពេលដែលការឆ្លងជំងឺ នៅក្នុងរដ្ឋបានកើនឡើងខ្ពស់ ។

ទន្ទឹមនឹងនេះដែរ តំបន់ជាច្រើនទៀត ដែលមិនសូវមានផល ប៉ះពាល់ដោយការឆ្លងរាលដាលខ្លាំង នឹងអាចបើកដំណើរការឡើងវិញ នៅពេលបញ្ចប់ការហាមឃាត់ ។ លោក Cuomo បានថ្លែងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top