បរទេស៖ ការប្រកាសស្វយគ្រប់គ្រង ធ្វើឡើងដោយក្រុមបះបោរ នៅក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានធ្វើឲ្យមេដឹកនាំយោធានិងការទូត ធ្វើការអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងៀម ព្រោះភ័យខ្លាចថា ទង្វើបែបនេះ បញ្ឆេះឲ្យមានភ្លើងហិង្សាខ្លាំងឡើង រវាងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង និងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់។
កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតនៅយេម៉ែន មន្ត្រីការទូត និងអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឲ្យក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូងយេម៉ែន ឈប់ធ្វើការបង្កឲ្យមានភាពតានតឹងកើនឡើង នៅក្នុងប្រទេសដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាមមួយនេះ ដោយជំរុញឲ្យបតបែនទៅតាម កិច្ចព្រមព្រៀងចែករំលែកអំណាច ដែលបានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលនៃ លោកប្រធានាធិបតីយេម៉ែន Abed Rabbo Mansour Hadi កាលពីខែវិច្ឆិកា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតបាននិយាយថា “កងកម្លាំងចម្រុះទាមទារឲ្យ បញ្ចប់សកម្មភាពបង្កឲ្យ មានភាពតានតឹងកើនឡើងណាមួយ និងស្នើឲ្យភាគីចូលរួមវិល ទៅរកកិច្ចព្រមព្រៀង ដោយសង្កត់ធ្ងន់លើ តម្រូវការចាំបាច់ភ្លាមៗ ឲ្យមានការអនុវត្ត ដោយគ្មានការពន្យាពេល និងភាពចំាបាច់យកផលប្រយោជន៍ របស់ប្រជាជនយេម៉ែន ជាធំលើអ្វីៗទាំងអស់” ៕
ប្រែសម្រួល៖ ប៉ាង កុង