ព័ត៌មានអន្តរជាតិ

ស្ថានទូតកូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន តំណាងឲ្យក្តីសង្ឃឹម និងសុទិដ្ឋិនិយម

បរទេស៖ ស្ថានទូតកូរ៉េខាងជើង ប្រចាំនៅក្នុងទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ ទើបបានចេញសេចក្តីថ្លែងការណ៍ ខុសប្រក្រតីមួយ ដោយលើកសរសើរពី មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ស្របពេលមានមន្ទិល សង្ស័យកើនឡើង ស្តីពីស្ថានភាពបាត់ខ្លួន របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្ថានទូតកូរ៉េខាងជើង បាននិយាយថា បើទោះជាអនាគតមិនច្បាស់លាស់ ប៉ុន្តែលោក គីម បានបង្ហាញខ្លួនលោកថា ជាអ្នកផ្តល់សេចក្តីសង្ឃឹមនិងសុទិដ្ឋិនិយម ចំពោះប្រជាជនកូរ៉េខាងជើង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

មន្ត្រីការទូតរបស់ ទីក្រុងព្យុងយ៉ាងប្រចាំនៅក្នុងទីក្រុងមូស្គូ ក៏បាននិយាយផងដែរថា លោក គីម ជុងអ៊ុន ត្រូវបានប្រជាជនកូរ៉េខាងជើង មានជំនឿទុកចិត្ត និងគោរពយ៉ាងជ្រាលជ្រៅថា ជាបុរសមួយរូប ដែលត្រូវបានគេទទួលស្គាល់ថា ជាឥស្សរជនពិភពលោក នៅខាងក្រៅប្រទេសកូរ៉េខាងជើង និងសូម្បីក្នុងប្រទេសជាសត្រូវនានា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top