ព័ត៌មានអន្តរជាតិ

វិបត្តិកូវីដ១៩ ៖ ពលរដ្ឋកូរ៉េខាងត្បូង នឹងទទួលប្រាក់ពី ៤០ ម៉ឺនវ៉ុនដល់ ១ លានវ៉ុន សម្រាប់គ្រួសារ ដែលមានសមាជិក ៤ នាក់ឬច្រើនជាងនេះ

បរទេស៖ យោងតាមគេហទំព័រ របស់សភា បានឱ្យដឹងថា សភាកូរ៉េខាងត្បូង បានអនុម័ត កាលពីថ្ងៃព្រហស្បតិ៍ នូវថវិកាបន្ថែមទី ២ ចំនួន ១២,២ ទ្រីលានវ៉ុន ស្មើនឹងប្រហែល ១០ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ ដល់គ្រួសារដែលរងផលប៉ះពាល់ ដោយជំងឺឆ្លងកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមថវិកាបន្ថែមទី ២ អាស្រ័យលើចំនួនសមាជិកគ្រួសារ, ពលរដ្ឋនឹងទទួលបានពី ៤០ ម៉ឺនវ៉ុនដល់ ១ លានវ៉ុន (សម្រាប់គ្រួសារ ដែលមានសមាជិក ៤ នាក់ឬច្រើនជាងនេះ) ។ អ្នកដែលមិនត្រូវការ ជំនួយ ផ្នែកហិរញ្ញវត្ថុ នឹងត្រូវបានស្នើសុំមិនឱ្យដាក់ពាក្យ សុំការទូទាត់ប្រាក់ ឬបរិច្ចាគជំនួយនេះ ទៅមូលនិធិសម្រាប់ការប្រយុទ្ធ ប្រឆាំងនឹងវីរុស។ ប្រជាពលរដ្ឋនឹងអាចទទួល បានជំនួយ មិនលើសពីពាក់កណ្តាលខែឧសភានោះទេ។ ដើម្បីផ្តល់ហិរញ្ញប្បទានលើច្បាប់នេះ គណបក្សប្រឆាំង និងគណបក្សគ្រប់គ្រងអំណាច បានព្រមព្រៀងគ្នាដើម្បីអនុញ្ញាត ឱ្យរដ្ឋាភិបាលចេញប័ណ្ណបំណុល។

លើសពីនេះទៀតសភាកូរ៉េខាងត្បូង បានអនុម័តការបង្កើត មូលនិធិ ស្ថេរភាពមួយ ដែលមានតម្លៃ ៤០ ទ្រីលានវ៉ុន ដើម្បីគាំទ្រ បន្ថែមដល់ឧស្សាហកម្មសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត ។ ដើម្បីទទួលបានជំនួយបែបនេះ ក្រុមហ៊ុននឹងមានកាតព្វកិច្ច អនុវត្តតាមល័ក្ខខ័ណ្ឌជាក់លាក់រួមទាំងរក្សា កម្រិតការងារទូទៅ ការប្រឹងប្រែងផ្ទាល់ខ្លួន ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចជាដើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top