បរទេស៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា យន្តហោះតួកគីមួយគ្រឿង បានដឹកយកស្រោមដៃ ម៉ាស់ វ៉ែនតាការពារ ឧបករណ៍សម្អាតដៃ និងសម្លៀកបំពាក់ ការពារនានា ទៅឲ្យសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតនិងភ្នាក់ងារ ស្ថានទូតការពារជាតិ របស់ប្រទេសតួកគីប្រចាំនៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមានជាមួយ មន្ត្រីមន្ទីរបញ្ចកោណនានា ស្របពេលដែលយន្តហោះនោះ បានចុះចតនៅមូលដ្ឋាន កងទ័ពចម្រុះ Andrews ក្នុងរដ្ឋម៉ារីលេន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Michael C. Ryan ជាអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ អាមេរិក ទទួលបន្ទុកផ្នែកគោលនយោបាយ អឺរ៉ុបនិងអង្គការណាតូ បានមាប្រសាសន៍ថា “យើងសាទរយ៉ាងក្រៃលែង ចំពោះការបរិច្ចាគ របស់តួកគី ដល់សហរដ្ឋអាមេរិក និងជាឧទាហរណ៍ នៃភាពជាអ្នកដឹកនាំ នៅក្នុងអង្គការណាតូ គឺនេះជាភាពល្អបំផុត របស់សម្ពន្ធមិត្ត ដែលជួយដល់សម្ពន្ធមិត្ត”៕