ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន និយាយថា មិនដឹងពីដំណើរទស្សនកិច្ច ណាមួយរបស់ គណៈប្រតិភូកូរ៉េខាងជើង

បរទេស៖ មន្ត្រីនំាពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនបានដឹងអំពី ដំណើរទស្សនកិច្ចណាមួយ របស់គណៈប្រតិភូសេដ្ឋកិច្ច នៃប្រទេសកូរ៉េខាងជើង មកកាន់ប្រទេសចិន នាសប្ដាហ៍នេះនោះទេ។

បុគ្គលពីររូប ដែលដឹងដោយផ្ទាល់ ចំពោះបញ្ហានេះ បាននិយាយប្រាប់សារព័ត៌មាន នៅដើមសប្ដាហ៍នេះថា គណៈប្រតិភូកូរ៉េខាងជើងមួយក្រុម នឹងធ្វើដំណើរទៅដល់ ទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពី ការផ្គត់ផ្គង់ចំណីអាហារ និងបញ្ហាជំនួញនានា ស្របពេលដែលការរាតត្បាត ឆ្លងនៃមេរោគកូរ៉ូណា បានរំខានធ្ងន់ធ្ងរ ដល់គ្រឿងផ្គត់ផ្គង់ ចំណីអាហារ របស់ប្រទេសកូរ៉េខាងជើង ហើយគណៈប្រតិភូនោះ គ្រោងជួបគ្នាជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ចចិន។

នៅក្នុងសន្និសីទកាសែតមួយ លោក Gao Feng បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិននិងប្រទេសកូរ៉េខាងជើង កំពុងតែរក្សាចំណងមិត្តភាព ប៉ុន្តែនិយាយថា លោកមិនបានដឹងអំពីរឿងគណៈប្រតិភូនោះទេ ហើយលោកសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយ នឹងសរសេរនូវសេចក្តីរាយការណ៍ ប្រកបដោយទំនួលខុសត្រូវ ផ្អែកលើការពិតនានា៕

ប្រែសម្រួល៖ប៉ាង កុង

To Top