ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ថ្លែងថា អង់គ្លេស “ឈានដល់កម្រិតកំពូល” នៃការផ្ទុះជំងឺកូវីដ១៩ ខណៈអ្នកស្លាប់កើនឡើង ដល់ជាង២៦.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេស គឺ “បានឈានដល់កម្រិតកំពូល”នៃការផ្ទុះជំងឺកូវីដ១៩ ខណៈដែលមានអ្នកស្លាប់ ផ្សេងទៀត ចំនួន៦៧៤នាក់ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបនៅអង់គ្លេស បានកើនឡើងដល់២៦.៧១១នាក់ ។

លោក បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មាន នៅក្នុងអំឡុងពេលធ្វើសន្និសីទ សារព័ត៌មានជាលើកដំបូងនៅ Downing Street គិតចាប់តាំងពីរូបគាត់បានជា សះស្បើយពីជំងឺកូវីដ១៩ ថា “យើងបានឆ្លងដល់ កម្រិតកំពូលនៃជំងឺនេះ” ហើយមាន “ការថយចុះវិញក៏លឿនដែរ” ។

លោក Johnson បានថ្លែងថា គាត់នឹងប្រកាស “ឲ្យដឹងបន្ទាន់” អំពីផែនការនៅសប្តាហ៍ក្រោយ ដែលនឹងផ្តោតសំខាន់លើ៣ចំណុច សំខាន់ៗ គឺធ្វើយ៉ាងណាដែលអង់គ្លេស អាចចាប់ផ្តើមឡើងវិញនូវសេដ្ឋកិច្ច ធ្វើយ៉ាងណា អាចឲ្យប្រទេសឲ្យកុមារទៅសាលារៀនវិញ និងឲ្យពលរដ្ឋទៅធ្វើការងារ ជាធម្មតាវិញដែរ ។

លោកបានកត់សម្គាល់យ៉ាងដូច្នេះថា យ៉ាងណាមិញ នឹងមានការធ្វើតេស្តដ៏សំខាន់ចំនួន៥ នៅមុនពេលដែលអង់គ្លេស អាចបន្ធូរបន្ថយការបិទប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top