សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានព្រមព្រៀង ជាមួយប្រទេស មួយចំនួន ដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិ ធ្វើដំណើរឆ្លងកាត់ព្រំដែន សម្រាប់មន្រ្តីអាជីវកម្មសំខាន់ៗ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោកដោយមិនធ្វើឱ្យ អន្តរាយដល់កិច្ចខិតខំប្រឹងប្រែង ជាសកល ដើម្បីដោះស្រាយជំងឺនេះ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ស្រី យូ មីងហេ បានចូលរួមក្នុងកិច្ចប្រជុំជាក់ស្តែង ជាមួយសមភាគីរបស់លោកស្រី មកពីប្រទេសសឹង្ហបុរី កាណាដាអូស្ត្រាលី និងនូវែលសេឡង់ និងបានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការ ដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរ ចាំបាច់របស់ប្រជាជនចំពេលមានការ រីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា បណ្តាប្រទេសទាំងនេះ បានប្តេជ្ញាបង្កើតគោលការណ៍ណែនាំ ដើម្បីអនុញ្ញាតឱ្យមានការ ធ្វើដំណើរឆ្លងកាត់ព្រំដែនដ៏សំខាន់មួយ សម្រាប់គោលបំណង ដូចជាការ ថែរក្សាបណ្តាញ ផ្គត់ផ្គង់ពិភពលោក ដោយមិនធ្វើឱ្យខូចកិច្ច ខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការរីករាលដាល នៃវីរុសនេះទេ ៕
ដោយ ឈូក បូរ៉ា