ព័ត៌មានអន្តរជាតិ

UN៖ នៅយ៉េមែន មានអ្នកឆ្លងជំងឺអាសន្នរោគ លើសពី១១ម៉ឺននាក់

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានករណីសង្ស័យលើសពី ១១០.០០០ករណី នៃជំងឺអាសន្នរោគ ត្រូវបានកត់ត្រា នៅក្នុងប្រទេសយ៉េមែន គិតចាប់តាំងពីដើមឆ្នាំ២០២០ ។

ការិយាល័យ OCHA បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ នៅលើបណ្តាញសង្គម Twitter ថា ករណីទាំងនេះត្រូវបានកត់ត្រា នៅក្នុងចំណោមស្រុក២៩០ នៃស្រុកទំាងអស់៣៣៣ គិតចាប់តាំងពីខែមករា ។ ការិយាល័យដដែលនេះ បានព្រមានថា ចំនួននៃករណីជាច្រើន អាចកើនឡើង នៅក្នុងរដូវវស្សា ដែលចាប់ផ្តើមឡើងពីខែមេសា និងរហូតដល់ចុងខែសីហា ។

ទីភ្នាក់ងាររបស់ អង្គការសហប្រជាជាតិ បានបរិយាយថា វិបត្តិមនុស្សធម៌ខ្លាំងបំផុត របស់ពិភពលោក នៅក្នុងប្រវត្តិសាស្ត្រ ជំងឺអាសន្នរោគនៅយ៉េមែន បានឆ្លងលើសពី១លាននាក់ និងបានសម្លាប់មនុស្សអស់ជាង ២.០០០នាក់ គិតពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top