បរទេស៖ នៅសប្តាហ៍នេះ អាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហុងកុង បានដាក់បញ្ចូល និងឲ្យដំណើរការសាកល្បង នូវឧបករណ៍ជំនួយ ដែលមានលក្ខណៈ ជាមនុស្សយន្ត ដោយតម្រូវឲ្យអ្នកដំណើរ ដើរឆ្លងកាត់ វាពេញមួយរាងកាយ ដើម្បីអាចសំអាតមេរោគនានា ជាពិសេសកូវីដ១៩តែម្តង។
កន្លងមកដើម្បីជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ដើម្បីអាចកាត់បន្ថយការរីករាលដាល នៃជំងឺកូវីដ១៩ អាកាសយានដ្ឋាន ក្រុងហុងកុង បានដំណើរការសាកល្បង នូវបច្ចេកវិទ្យាថ្មីៗ មួយចំនួនមកហើយ។
លោក Steven Yiu អនុប្រធានផ្នែកទទួលបន្ទុក កិច្ចការងារសេវាកម្ម នៃអាកាសយានដ្ឋាន បានបញ្ជាក់ថា ការថែរក្សាសុវត្ថិភាព ក្នុងការឆ្លងវិរុសនេះ ចំពោះអ្នកដំណើរ និងបុគ្គលិករបស់ខ្លួន គឺជារឿងអទិភាព និងចាំបាច់បំផុត ដែលត្រូវតែធ្វើ។
លោក Steven បានបន្តទៀតថា ចំពោះឧបករណ៍ សំអាតមេរោគកូវីដ១៩នេះ មានឈ្មោះថា CleanTech។ វាត្រូវបានដាក់បញ្ឈរ តាមចំណុចជាច្រើន ក្នុងអាកាសយានដ្ឋានហើយ ដំណើរការរបស់វា គឺមានភាពងាយស្រួលខ្លាំងបំផុត ដោយអ្នកដំណើរគ្រាន់តែចាំបាច់ ដើរឆ្លងកាត់វិញ និងនៅនឹងមួយកន្លែង ត្រឹមតែ៤០វិនាទីប៉ុណ្ណោះ ដើម្បីសំអាតមេរោគ ដែលអាចជាប់ខ្លួន របស់ពួកគេបាន៕
ប្រែសម្រួល៖ស៊ុនលី