សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃអាទិត្យនេះថា មានការបាញ់ជាច្រើនគ្រាប់ ពីទឹកដីរបស់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ឬកូរ៉េខាងជើង ត្រូវចំប៉ុស្តិ៍យាមល្បាត របស់កូរ៉េខាងត្បូង នៅព្រំដែនអន្តរកូរ៉េ ។
យោងតាមអគ្គសេនាធិការចម្រុះ បានឲ្យដឹងថា មិនទាន់មានអ្នកស្លាប់ ឬបង្កការខូចខាត ត្រូវបានគេរាយការណ៍ ឲ្យដឹងពីទីតាំង កូរ៉េខាងត្បូងនៅឡើយទេ ។
គួរបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងក្រោយពីមានព័ត៌មាន ដែលបង្ហាញពីវត្តមាន របស់មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃសុក្រ ដែលបានចូលរួមសម្ពោធ សមិទ្ធិផលរោងចក្រ ផលិតជីផូស្វាតមួយកន្លែង នៅក្នុងទឹកដីកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំរូបនេះ បានបាត់ខ្លួន និងបាត់ដំណឹងឈឹង អស់រយៈពេល ជាង២០ថ្ងៃមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា