Covid-19

តួកគី មានអ្នកឆ្លង ជំងឺកូវីដ១៩ កើនឡើង លើសពី ១២ម៉ឺននាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រី ក្រសួងសុខាភិបាលតួកគី ថ្លែងថា កាលពីថ្ងៃសៅរ៍ គេបានរាយការណ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១.៩៨៣នាក់ និង៧៨នាក់ បន្ថែមទៀត បានស្លាប់ នៅក្នុងប្រទេសតួកគី ។

លោក Koca បានលើកឡើង នៅលើបណ្តាញសង្គម Twitter ថា សរុបអ្នកឆ្លងមានច្រើន នៅក្នុងប្រទេស ដោយបានកើនឡើងដល់ ១២៤.៣៧៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនដល់ ៣.៣៣៦នាក់ ។

តួកគី បានធ្វើតេស្ត រកវីរុសកូរ៉ូណា ចំនួន៣៦.៣១៨នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួន អ្នកធ្វើតេស្តសរុប មានរហូតដល់ ១.១១១.៣៦៦នាក់ ។

រដ្ឋមន្ត្រីបានថ្លែងថា លើសពីនេះ អ្នកជំងឺចំនួន ៥៨.២៥៩នាក់ បានជាសះស្បើយ ពីជំងឺពីកូវីដ១៩ ទន្ទឹមនឹងនេះ ចំនួន ១.៤៤៥នាក់ កំពុងធ្វើការព្យាបាល នៅតាមអង្គភាពថែទាំសុខភាព និង៧៧៨នាក់ នៅតាមមណ្ឌលថែទាំជំងឺ  ។

តួកគី ត្រូវបានគេរាយការណ៍ មកថា បានផ្ទុះជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top