ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទទួលបានមេដាយ សម្រាប់ ការចូលរួម ចំណែក ផ្ទាល់ខ្លួន ក្នុងការចងចាំប្រកប ដោយភាពស្មោះត្រង់របស់ ទាហានសូវៀត

បរទេស៖ ដើម្បីគោរពដល់ទាហានសូវៀត ដែលបានបាត់បង់ជីវិត ពីការរំដោះ កូរ៉េពីការកាន់កាប់របស់ប្រទេសជប៉ុន នៅរដូវក្តៅឆ្នាំ ១៩៤៥ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានរៀបចំវិមានអនុស្សាវរីយ៍កម្ពស់ ៣០ ម៉ែត្រ ដែលគេហៅថា វិមានរំដោះ ឬវិមានសេរីភាព។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមក្រឹត្យដែលចេញដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន , មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ត្រូវបានប្រគល់មេដាយមួយ ដើម្បីរំលឹកខួបលើកទី ៧៥ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើងលោក Alexander Matsegora បានប្រគល់មេដាយជូនរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក Lee Song Gwon នៅថ្ងៃទី ៥ ខែឧសភា នៅសាល Mansudae Assemby ក្នុងទីក្រុងព្យុងយ៉ាង។

អនុក្រឹត្យដែលត្រូវគ្នា ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយស្ថានទូតរុស្ស៊ីប្រចាំនៅសាធារណរដ្ឋ។

មានការកត់សម្គាល់ថា មេដឹកនាំកូរ៉េខាងជើង បានផ្តល់រង្វាន់សម្រាប់ការចូលរួមចំណែកដ៏ធំធេងរបស់គាត់ក្នុងការបន្តការចងចាំរបស់ពលរដ្ឋសូវៀត ដែលបានស្លាប់ និងត្រូវបានគេបញ្ចុះនៅក្នុងសាធារណរដ្ឋ ក៏ដូចជាការព្រួយបារម្ភចំពោះការអភិរក្សផ្នូរ និងការចងចាំ។

វិមានរំដោះគឺជានិមិត្តរូបល្បីល្បាញមួយនៅទីក្រុងព្យុងយ៉ាង ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៤៧ ដើម្បីរំលឹកដល់ទាហានក្រហមដែលបានស្លាប់ក្នុងសមរភូមិដើម្បីរំដោះកូរ៉េចេញពីការកាន់កាប់របស់ជប៉ុនក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមលោកលើកទី ២ ៕ប្រែសម្រួលៈ ណៃ តុលា

To Top