បរទេស៖ នៅថ្ងៃអង្គារទី៦ ខែឧសភានេះ ការិយាល័យ នៃកិច្ចការងាររបស់ទីក្រុងហុងកុង នៃរដ្ឋាភិបាល ចិនបានធ្វើការព្រមានចំៗថា ទីក្រុងនេះនឹងមិនស្ងប់ស្ងៀមទេ លើកលែងតែ ក្រុមបាតុករ ដែលពាក់អាវខ្មៅ ត្រូវបានដកចេញទាំងអស់ ដោយបានពណ៌នា បន្ថែមថាពួកគេជាវីរុស នយោបាយ ដែលព្យាយាមទាមទារដកខ្លួនចេញ ពីរដ្ឋាភិបាលក្រុងប៉េកាំង។
សេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារដូចខាងលើកនេះ បានកើតឡើងចំពេល មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមសកម្មជន ប្រជាធិបតេយ្យ ដែលថាប្រទេសចិន កំពុងរឹតបន្តឹងលើទីក្រុង ដែលជាអតីតអាណានិគម អង់គ្លេស ខណៈពេលការប្រកាសបិទក្រុង ដើម្បីការពារការឆ្លងវីរុសនេះ បានក្លាយទៅជាឧបសគ្គ រារាំងយ៉ាងខ្លាំង ដល់ចលនា របស់ពួកគេ តាមដងផ្លូវ ។
ក្នុងនោះផងដែរការិយាល័យ កិច្ចការក្រុងហុងកុង និងក្រុងម៉ាកាវ ក៏បានធ្វើការព្រមានផងដែរថា រដ្ឋាភិបាលកណ្តាល របស់ប្រទេសចិន នឹងមិនអង្គុយនៅស្ងៀម ជាមួយនឹងកងកម្លាំង របស់ខ្លួននោះទេ ហើយបញ្ជាក់ថារដ្ឋាភិបាលកណ្តាល របស់ប្រទេសចិន ជាអ្នកដែលមានការទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខជាតិ ទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី