បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល នូវការចោទប្រកាន់ដែលថា សហរដ្ឋអាមេរិក មានជាប់ពាក់ព័ន្ធ ក្នុងគម្រោងការណ៍លុកលុយ នៅប្រទេសវេណេស៊ុយអេឡា ដែលមានជនជាតិអាមេរិកពីររូប ត្រូវបានទីក្រុងការ៉ាកាសចាប់ខ្លួន។
ប្រទេសវេណេស៊ុយអេឡា បាននិយាយប្រាប់ថា ខ្លួនបានចាប់ខ្លួន អតីតទាហានកងកម្លាំងពិសេស សហរដ្ឋអាមេរិកពីររូប គឺលោក Airan Berry និងលោក Luke Denman ក្រោយមានការលុកលុយមួយ កាលពីថ្ងៃអាទិត្យ និងបានធ្វើការថ្កោលទោស សត្រូវរបស់ខ្លួន គឺសហរដ្ឋអាមេរិកនិងកូឡំប៊ី ថាពាក់ព័ន្ធក្នុងប្រតិបត្តិការនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកនាពេលថ្មីៗនេះ ត្រូវបានគេជូនដំណឹង អំពីហេតុការណ៍នោះ និងថា វាគ្មានអ្វីពាក់ព័ន្ធ ជាមួយនឹងសហរដ្ឋអាមេរិកនោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង