បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស អាមេរិកនិងរុស្សី លោកMike PompeoនិងលោកSergey Lavrovបានបើកកិច្ចពិភាក្សា គ្នាមួយតាមរយៈទូរស័ព្ទដោយ ផ្តោតលើប្រធានបទសំខាន់គឺCOVID19 និងការត្រួតពិនិត្យសព្វាវុធ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបាធ្វើឡើងដោយ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាលោក Pompeo និងសមភាគីរុស្ស៊ីលោក Lavrovបានពិភាក្សាអំពីជំហានបន្ទាប់លើបញ្ហាត្រួតពិនិត្យសព្វាវុធក៏ដូចជា បញ្ហាទ្វេភាគីជាច្រើនដែល មានការយកចិត្តទុកដាក់ទៅវិញទៅមករួមទាំង កិច្ចប្រឹងប្រែងជាសកល ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-១៩ ផងដែរ ។
រំលឹកដែរថាកាលពីឆ្នាំ ២០១០ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូបានចុះហត្ថលេខាគ្នាលើសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្តថ្មី ឬហៅកាត់ថាSTARTដែលបានចែង យ៉ាងច្បាស់អំពីដែនកំណត់ព្រមទាំង ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែល បានដាក់ពង្រាយ ដោយមហាអំណាចទាំងពីរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ អំពីសន្ធិសញ្ញា START ដែលជាសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ ចុងក្រោយបង្អស់ជាធរមាន រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១នេះហើយ៕ ប្រែសម្រួល៖ស៊ុនលី