បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមកាសែតកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ យោធារបស់ប្រទេសកូរ៉េខាងត្បូង បានបាញ់តេស្តសាកល្បង មីស៊ីលផ្លោងមួយគ្រាប់ ដែលមានសមត្ថភាព អាចបំពាក់ក្បាលគ្រាប់ ទម្ងន់២តោន កាលពីខែមីនា។
កាសែតកូរ៉េខាងត្បូង ឈ្មោះ EDaily បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ការបាញ់តេស្តសាកល្បងនេះ ត្រូវបានធ្វើឡើងដោយស្ងាត់ៗ នៅកន្លែងធ្វើតេស្ត Anheung ដែលដំណើរការ ដោយទីភ្នាក់ងារកូរ៉េទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍ការពារជាតិ ហៅកាត់ថា ADD។
គួរបញ្ជាក់ថា មីស៊ីលនោះ ត្រូវបានគេឲ្យឈ្មោះថា Hyunmoo-4 ហើយកាលពីក្នុងឆ្នាំ២០១៧ ប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធមីស៊ីលផ្លោងរួមគ្នា ជាមួយនឹងប្រព័ន្ធ មីស៊ីលយុទ្ធសាស្ត្រ របស់កងទ័ពលេខ៨ សហរដ្ឋអាមេរិក រួមមានទាំងការបាញ់មីស៊ីល ចេញពីប្រព័ន្ធបាញ់ Hyunmoo-2 របសទីក្រុងសេអ៊ូល៕ ប្រែសម្រួល៖ប៉ាង កុង