ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ថា ឥណ្ឌា ឈានដល់ថ្ងៃទី៤៤ ហើយនៃការបិទប្រទេស បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ដោយនៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺលើសពី ៥០.០០០នាក់ ហើយអ្នកស្លាប់មានដល់ទៅ ១.៧៨៣នាក់ ។
ក្នុងចំណោមអ្នកឆ្លងសរុប ៥២.៩៥២នាក់ មានមនុស្ស ១៥.២៦៧នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលស្មើនឹងជិត ២៩ភាគរយ ។
រដ្ឋ Maharashtra ស្ថិតនៅភាគនីរតី បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺ ១៦.៧៥៨នាក់ និងមានអ្នកស្លាប់ចំនួន៦៥១នាក់ បន្ទាប់មកមានរដ្ឋ Gujarat ស្ថិតនៅប៉ែកខាងលិចប្រទេស មានចំនួន ៦.៦២៥នាក់ និងមានអ្នកស្លាប់ជិត ៤០០នាក់ ហើយក្រុងញ៉ូដេលី មានឆ្លងជំងឺចំនួន ៥.៥៣២នាក់ និងមានអ្នកស្លាប់ចំនួន ៦៥នាក់ ហើយរដ្ឋនៅភាគកណ្តាលប្រទេស គឺរដ្ឋ Madhya Pradesh មានអ្នកស្លាប់ក្នុងកំណត់ត្រាចំនួន ១៨៥នាក់ ។
ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ គិតត្រឹមម៉ោង៨ព្រឹក (ម៉ោងក្នុងស្រុក) គិតត្រឹមថ្ងៃព្រហស្បតិ៍ មានករណីជាអតិបរិមាចំនួន ៣.៥៦១នាក់នៅក្នុងកំណត់ត្រា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា