បរទេស៖ យោងទៅតាមទិន្នន័យដ៏ថ្មីបំផុត ពីអគ្គរដ្ឋបាលគយរបស់ទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញចិន បានវិលត្រឡប់កើនឡើងខ្លាំងជាថ្មី នៅក្នុងខែមេសា គឺកើនឡើងចំនួន៣,៥ភាគរយ។
ស្របពេលការនាំទំនិញ ចេញមានការកើនឡើងនោះ ការនាំទំនិញចូលរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្លាក់ចុះ១៤,២ភាគរយ បង្ហាញឲ្យឃើញ នូវតម្រូវការក្នុងស្រុក មិនទាន់មានភាពប្រសើរឡើងវិញ ក្រោយបញ្ចប់បម្រាមគោចរ ដោយសារការរីករាលដាលឆ្លង នៃមេរោគកូរ៉ូណា នៅក្នុងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានចិន South China Morning Post បានរាយការណ៍ថា លោក Louis Kuijs អ្នកសេដ្ឋកិច្ចចិន នៅក្នុងក្រុមវិភាគសេដ្ឋកិច្ច Oxford Economics បាននិយាយថា “តម្រូវពីខាងក្រៅរបស់ប្រទេសចិន បានទទួលរងពីឥទ្ធិពល នៃបម្រាមគោចរ និងច្បាប់គន្លាតទំនាក់ទំនងសង្គម នៅក្នុងផ្នែកផ្សេងនៃពិភពលោក ហើយការនាំចេញ គួរតែចុះខ្សោយជាខ្លាំង នៅក្នុងពេលខាងមុខដ៏ខ្លីនេះ”៕ ប្រែសម្រួល៖ប៉ាង កុង