ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងពិភាក្សាជាមួយអាមេរិក ស្តីពីផែនការកាត់បន្ថយ កងកម្លាំងរក្សាសន្តិភាព នៅទីក្រុងស៊ីណៃ

បរទេស៖ ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងពិភាក្សា ជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺសហរដ្ឋអាមេរិក ស្តីពីសេចក្តីរាយការណ៍កាសែតមួយ ដែលថា កងកម្លាំងរក្សាសន្តិភាព ដឹកនាំដោយអាមេរិក នៅក្នុងទីក្រុងស៊ីណៃ ប្រទេសអេហ្ស៊ីប អាចនឹងត្រូវដកថយ និងបានហៅវត្តមានជិត៤ទសវត្សនោះ ថាមានសារៈសំខាន់ខ្លាំង។

ដោយត្រូវគេស្នើឲ្យអធិប្បាយ ស្តីពីសេចក្តីរាយការណ៍នោះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុ 102 FM របស់ទីក្រុងតេលអាវីវ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Yuval Steinitz បានមានប្រសាសន៍យ៉ាងដូច្នេះថា “កងកម្លាំងអន្តរជាតិ នៅក្នុងទីក្រុងស៊ីណៃ មានសារៈសំខាន់ខ្លាំង ហើយការចូលរួមរបស់អាមេរិក (នៅក្នុងកងកម្លាំងនោះ) គឺមានសារៈសំខាន់”។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper កំពុងតែជំរុញ ឲ្យដកកងទ័ពអាមេរិកខ្លះ ចេញពីកងកម្លាំង រក្សាសន្តិភាពអន្តរជាតិ ដែលខ្លួនដឹកនាំនៅក្នុងឧបទ្វីបស៊ីណៃ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីកាសែត Wall Street Journal ដែលលើកយកសម្តី របស់មន្ត្រីអាមេរិកនានា៕ ប្រែសម្រួល៖ប៉ាង កុង

To Top