ហាណូយ៖ នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហា ជំងឺឆ្លងរាតត្បាត COVID-១៩ ក្នុងពេលជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា របស់មេដឹកនាំទាងពីរ, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាម ក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីដ១៩ ហើយបានថ្លែងអំណរគុណដល់វៀតណាម ដែលបានជួយសម្រួល ដល់ការផ្គត់ផ្គង់និង ដឹកជញ្ជូនឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាផ្តល់ម៉ាស ដល់សហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ ក៏បានផ្ញើក្តីគោរពដល់ប្រជាជនវៀតណាម និងប្រកាសពីការត្រៀមខ្លួន ផ្តល់បំពង់ខ្យល់ដល់វៀតណាម ចំនួនមួយចំនួន ដើម្បីជួយដល់ការព្យាបាលអ្នកជំងឺ កូវីដ១៩ ។
លោក ត្រាំ ក៏បានស្នើឱ្យប្រទេសទាំងពីរ បន្តសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការការពារជំងឺ ។ លោកបានសម្តែង ការសោកស្តាយផងដែរ ដែលកិច្ចប្រជុំកំពូលពិសេសអាមេរិក – អាស៊ាន ត្រូវបានពន្យាពេល ដោយសារការរីករាលដាល នៃជំងឺរាតត្បាត និងមានបំណងចង់ជំរុញ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាននាពេលខាងមុខ ។
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានធ្វើបច្ចុប្បន្នភាព ជំងឺដល់លោក ត្រាំ អំពីការគ្រប់គ្រងជំងឺ នៅវៀតណាម និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ និងការលំបាកដែលប្រជាជន អាមេរិក ដែលកំពុងរងទុក្ខ។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ត្រាំ អាមេរិកនឹងគ្រប់គ្រងជំងឺនេះ ដោយជោគជ័យហើយនឹងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ៕
ប្រែសម្រួលៈ ណៃ តុលា