ព័ត៌មានអន្តរជាតិ

WHO ព្រមានថា ប្រជាជននៅអាហ្វ្រិក ១៩ម៉ឺននាក់ នឹងស្លាប់ ប្រសិនបើវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ បរាជ័យ

KINSHASA ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សរហូតដល់ ១៩០.០០០ នាក់ នៅទ្វីបអាហ្វ្រិក អាចស្លាប់ ដោយសារជំងឺឆ្លងបង្កឡើងដោយវីរុសកូរ៉ូណា ក្នុងឆ្នាំដំបូងនៃជំងឺរាតត្បាតនេះ ប្រសិនបើវិធានការទប់ស្កាត់ជំងឺនេះ មិនបានជោគជ័យនោះទេ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសុខាភិបាល របស់អង្គការសហប្រជាជាតិ បានដកស្រង់ការ សិក្សាស្រាវជ្រាវថ្មីមួយ ដោយការិយាល័យប្រចាំតំបន់ របស់ខ្លួននៅរដ្ឋធានី Brazzaville សាធារណរដ្ឋ កុងហ្គោ បានរកឃើញថា ចន្លោះមនុស្សចន្លោះពី ៨៣.០០០នាក់ ទៅ ១៩០.០០០ នាក់ អាចស្លាប់ និងពី ២៩លាននាក់ ទៅ ៤៤ លាននាក់ បានឆ្លងជំងឺក្នុងអំឡុងពេលនេះ។

អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការស្រាវជ្រាវ គឺផ្អែកលើគំរូ នៃការព្យាករណ៍ និងគ្របដណ្តប់លើ ប្រទេសចំនួន ៤៧ ដែលមានចំនួនប្រជាជនសរុប មួយពាន់លាននាក់។

ក្រុមអ្នកជំនាញបានព្រមានជាប្រចាំថា ទ្វីបអាហ្រ្វិកងាយរងគ្រោះ ដោយសារការផ្ទុះឡើង ដោយសារហេដ្ឋារចនាសម្ព័ន្ធសុខភាពខ្សោយ អត្រាភាពក្រីក្រខ្ពស់ ជម្លោះទំនាស់ជាច្រើន និងភាពងាយរងគ្រោះ ចំពោះរោគរាតត្បាតពីមុន ។ ប៉ុន្តែវីរុសនេះមានសភាពយឺតយ៉ាវ ក្នុងការរាលដាលពាសពេញទ្វីប ដែលមិនទាន់បានកត់ត្រា ពីចំនួននៃការឆ្លង ឬការស្លាប់ កើនឡើងខ្ពស់នៅអឺរ៉ុប សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត នៅឡើយទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top