វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានលេីកឡេីងថា ប្រទេសកូរ៉េខាងត្បូងបាន ព្រមព្រៀងបង់ប្រាក់ ចំនួនច្រើន សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅ លើឧបទ្វីបនេះ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងនៅពេលដែលប្រទេស ទាំងពីរកំពុងចរចាយ៉ាងស្វិតស្វាញក្នុងការបន្តកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ។ លោក ត្រាំ បានឲ្យដឹងនៅមុននេះថា លោកបានច្រានចោល ការផ្តល់ជូនរបស់កូរ៉េខាងត្បូង ដើម្បីបង្កើនការចូលរួមចំណែកហិរញ្ញវត្ថុរបស់ ខ្លួនចំនួន ១៣ ភាគរយ។
លោកបានប្រាប់អ្នកយកព័ត៌មាន អំឡុងកិច្ចប្រជុំនៅសេតវិមាន ជាមួយអភិបាលរដ្ឋតិចសាស់លោក Greg Abbott ថា“ កូរ៉េខាងត្បូងបានយល់ព្រម ចំណាយប្រាក់ច្រើនដល់ពួកយើង ដែលយើងកោតសរសើរ យ៉ាងខ្លាំង”៕ ដោយ ឈូក បូរ៉ា