បរទេស៖ កងទ័ពជើងទឹកបាននិយាយថា នាវិកចំនួន ១៩ នាក់ បានស្លាប់ និង ១៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់មីស៊ីល ដែលជាកំហុសបច្ចេកទេស ដែលពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ពីរគ្រឿង ដែលបានចូលរួមសមយុទ្ធយោធាជើងទឹកជាមួយគ្នា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអ៊ីរ៉ង់ថា មីស៊ីលប្រឆាំងកប៉ាល់ថ្មី ត្រូវបានសាកល្បងដោយនាវាចម្បាំង Jamaran គឺបានហោះទៅវាយប្រហារទៅ លើនាវាគាំទ្រ Konarak កាលពីថ្ងៃអាទិត្យនៅឈូងសមុទ្រអូម៉ង់។
ឧប្បត្តិហេតុនេះបានកើតឡើងក្នុងកំឡុងពេល ធ្វើលំហាត់ហ្វឹកហាត់នៅជិតច្រកសមុទ្រ Hormuz ។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ធ្វើសមយុទ្ធជាទៀង ទាត់នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា “នាវា Konarak ត្រូវបានវាយប្រហារដោយកាំជ្រួចមីស៊ីល កាលពីម្សិលមិញ [ថ្ងៃអាទិត្យ] អំឡុងពេលសមយុទ្ធយោធា មួយនៅក្នុងដែនទឹក Bandar-e Jask នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។
នាវានេះត្រូវបានវាយប្រហារដោយមីស៊ីល បន្ទាប់ពីការផ្លាស់ប្តូរគោល ដៅអនុវត្តទៅទិសដៅរបស់ខ្លួនហើយ មិនបានបង្កើតចម្ងាយ គ្រប់គ្រាន់រវាងខ្លួន និងគោលដៅនោះទេ។
ទូរទស្សន៍រដ្ឋបានផ្សាយទៀតថាឧប្បត្តិហេតុនេះបានកើតឡើងនៅជិតកំពង់ផែ Jask ចម្ងាយ ១.២៧០ គីឡូម៉ែត្រ ភាគនិរតីនៃក្រុងតេអេរ៉ង់ ក្នុងឈូងសមុទ្រអូម៉ង់។
នាវា Jamaran និង Konarak ត្រូវបានគេនិយាយថា ជាកម្មសិទ្ធរបស់កងទ័ពជើងទឹករបស់យោធាអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា