វ៉ាស៊ីនតោន៖ កាសែត Wall Street Journal និងNew York Times បានរាយការណ៍ កាលពីថ្ងៃចន្ទថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រណេត របស់សហរដ្ឋអាមេរិក ជឿជាក់ថា ពួក Hacker (ចោរបច្ចេកវិទ្យា) ចិន កំពុងព្យាយាមលួចការស្រាវជ្រាវ អំពីការបង្កើតវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងបង្កឡើង ដោយវីរុសកូរ៉ូណា។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា FBI និងក្រសួងសន្តិសុខមាតុភូមិ អាមេរិក គ្រោងនឹងចេញការព្រមានអំពីការលួចចូល (Hack) របស់ជនជាតិចិន នៅពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ប្រជែងគ្នាបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ។ នេះបើតាមការចេញផ្សាយ របស់កាសែត Wall Street Journal និងកាសែត New York Times។
ក្រុម Hacker ក៏កំពុងផ្តោតសំខាន់លើព័ត៌មាន និងកម្មសិទ្ធិបញ្ញា លើការព្យាបាល និងការធ្វើតេស្តរកមេរោគកូវីដ ១៩ ។
របាយការណ៍បាននិយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានចោទប្រកាន់ថាពួក Hacker ទាំងនោះ ថាមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលចិន។ ការព្រមានជាផ្លូវការអាចកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាចិន គឺជាប្រទេសដែលប្រឆាំងដាច់ខាត រាល់ការវាយប្រហារតាមអ៊ីនធឺណិត។
លោក Zhao Lijian បាននិយាយថា “យើងកំពុងដឹកនាំពិភពលោក ក្នុងការព្យាបាល និង ការស្រាវជ្រាវរកវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។ លោកបន្ថែមថា វាជារឿងអសីលធម៌ ដែលផ្តោតលើប្រទេសចិន ជាមួយនឹងពាក្យចចាមអារាម និងការនិយាយបង្កាច់បង្ខូច ក្នុងករណីគ្មានភស្តុតាងណាមួយ” ។
នៅពេលសួរអំពីរបាយការណ៍ លោកប្រធានាធិបតី ដូណាល់ត្រាំ មិនបានបញ្ជាក់ប្រាប់ពួកគេទេ ប៉ុន្តែបាននិយាយថា “តើមានអ្វីថ្មីជាមួយចិន? តើមានអ្វីថ្មី? ប្រាប់ខ្ញុំ។ ខ្ញុំមិនសប្បាយចិត្តជាមួយ ប្រទេសចិនទេ” ៕
ប្រែសម្រួលៈ ណៃ តុលា