ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវាយប្រហារ សម្លាប់មនុស្សតិចបំផុត ៥នាក់ នៅមន្ទីរពេទ្យក្នុងទីក្រុងកាប៊ុល

បរទេស៖ អាជ្ញាធររបស់ ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សតិចបំផុតចំនួន៥រូប បានស្លាប់បាត់បង់ជីវិត ហើយអ្នកជម្ងឺជាច្រើននាក់ ត្រូវបានគេជួយសង្គ្រោះ នាថ្ងៃអង្គារនេះ នៅក្នុងអំឡុងការវាយប្រហារនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងកាប៊ុល។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ថា អ្នកដឹងហេតុការណ៍នោះ បានលឺសម្លេងបាញ់កាំភ្លើង និងសូរសម្លេងផ្ទុះចំនួនពីរដង នៅពេលចាប់ផ្តើមវាយប្រហារ ធ្វើឡើងដោយភេរវករ គ្រាប់បែកអត្តឃាត ហើយមានស្ត្រី៣នាក់ កុមារ១នាក់ និងសមាជិកកងកម្លាំងសន្តិសុខ១នាក់ នៅក្នុងចំណោមអ្នកស្លាប់នោះ។

លោក Tariq Arian ជាមន្ត្រីនាំពាក្យឲ្យក្រសួងមហាផ្ទៃ នៃប្រទេសអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ប្រាប់ថា អ្នកវាយប្រហារជាច្រើន ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ហើយលោកបន្តថា កងកម្លាំងពិសេស បានសម្លាប់អ្នកវាយប្រហារម្នាក់ នៅក្នុងអំឡុងប្រតិបត្តិការបោសសម្អាត”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top