BBC៖ ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងប្រាក សាធារណរដ្ឋឆែក បានស្នើឱ្យប៉ូលីស ការពារអ្នកការទូតម្នាក់របស់ខ្លួន ដែលត្រូវបានគេបញ្ចេញ ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយឆែក ចំពេលមានការចោទ ប្រកាន់ពីបទសមគំនិត ក្នុងការបំពុលអ្នកនយោបាយឆែក ។
យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ស្ថានទូតរុស្ស៊ីថា ការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានត្រូវបានធ្វើឡើង ប្រឆាំងនឹងនិយោជិកម្នាក់របស់ខ្លួន ដែលបច្ចុប្បន្ននេះកំពុង ទទួលការគំរាមកំហែង។
មិនទាន់មានការបញ្ជាក់ណាមួយថា អភិបាលក្រុងឆែក ៣ នាក់ស្ថិតនៅចំកណ្តាល នៃផែនការនេះទេ ។ ទោះយ៉ាងណាអ្នកទាំងបីរួមទាំង ចៅហ្វាយក្រុងប្រាកផងដែរ ត្រូវបានការពារដោយប៉ូលីស ។
សូមជម្រាបថា កាលពីខែមុន កាសែតឆែកឈ្មោះ Respekt បានចោទប្រកាន់ភ្នាក់ងាររុស្ស៊ីម្នាក់ថា បានធ្វើដំណើរទៅក្រុងប្រាក ដោយប្រើវ៉ាលីដែលផ្ទុកសារធាតុគីមី ricin ដែលមានជាតិគីមីពុលខ្លាំង។
កាសែតនេះបាននិយាយថា ថ្នាំពុលអាចត្រូវបានប្រើ ដើម្បីវាយប្រហារអ្នកនយោបាយ ឆែកដែលធ្វើឱ្យរុស្ស៊ីខឹង៕
ប្រែសម្រួលៈ ណៃ តុលា