បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានប្រកាសបញ្ជីថ្មី នៃផលិតផលអាមេរិកចំនួន ៧៩មុខ ដែលត្រូវជ្រើសរើសសម្រាប់ ការលើកលែងពីពន្ធគយសងសឹក ដែលបានដាក់នៅពេលកើនកម្តៅ សង្គ្រាមជំនួញទ្វេភាគី ស្របពេលដែលនៅបន្ត មានសម្ពាធលើទីក្រុងប៉េកាំង ឲ្យបង្កើនការនាំចូលពីសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយថា ការលើកលែងពន្ធថ្មីនេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី១៩ ខែឧសភា និងផុតកំណត់វិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ហើយនេះ គឺជាបញ្ជីលើកលែងពន្ធដ៏ថ្មីបំផុត លើផលិតផលនានា រួមមានរ៉ែកម្រ រ៉ែមាស រ៉ែប្រាក់ និងកំហាប់។
ប៉ុន្តែក្រសួងមិនបានបង្ហាញ ពីតម្លៃនៃផលិតផលនាំចូលនោះទេ ប៉ុន្តែកាលពីខែកុម្ភៈ ទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងផ្តល់ការលើកលែង សម្រាប់ទំនិញអាមេរិក ៦៩៦មុខ រួមមានផលិតផលសំខាន់នានា ដូចជាសណ្ដែកសៀង និងសាច់ជ្រូក ដោយផ្អែកលើសំណើ ពីក្រុមហ៊ុននានា ៕
ប្រែសម្រួល៖ ប៉ាង កុង