SURAT THANI៖ ប៉ូលីសបាននិយាយថា មនុស្ស ២៤ នាក់ជាជនបរទេស ២២ នាក់ និងជនជាតិថៃ ២ នាក់ ត្រូវបានចាប់ខ្លួននៅបារមួយកន្លែង នៅលើកោះ កោះសាមុយ កាលពីយប់ថ្ងៃអាទិត្យពីបទ រំលោភលើក្រឹត្យគ្រាមានអាសន្ន។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ធ្វើសកម្មភាពលើបណ្តឹង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺប៉ូលីសនិងមន្រ្តីរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ Manoj Chanthiang អនុប្រធានប៉ុស្តិ៍ប៉ូលីស Bo Phut នៅកោះសាមុយ បានឆ្មក់ចូលបារឈ្មោះ La Bohemia នៅស្រុក Maret។
មានជនបរទេស ២២ នាក់ និងជនជាតិថៃ ២ នាក់នៅនឹងកន្លែងនោះ ហើយមានមនុស្សជាច្រើនកំពុងរាំលេង ចាក់ភ្លេង និងផឹកស៊ី។
Quentin Thioliet អាយុ ២៤ ឆ្នាំជនជាតិបារាំង ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាម្ចាស់បារខាងលើ។ Quentin Thioliet មានបុរសជនជាតិមីយ៉ាន់ម៉ា បីនាក់ធ្វើការជាមួយ ជាអ្នករត់តុ ហើយមានតែម្នាក់គត់ក្នុងចំណោម ពួកគេដែលមានប័ណ្ណការងារ។ បារខាងលើ ដំណើរការដោយគ្មានអាជ្ញាប័ណ្ណ ។
សូមជម្រាបថា ម្ចាស់ហាង បុគ្គលិក និងអតិថិជនទាំងអស់ ត្រូវបានចោទប្រកាន់ពីបទរំលោភ លើក្រឹត្យគ្រាមានអាសន្ន ដែលហាមឃាត់ភោជនីយដ្ឋានលក់ស្រា និងការជួបជុំ ដែលអាចនាំឱ្យមានការរីករាលដាលជំងឺ Covid-19 ៕
ប្រែសម្រួលៈ ណៃ តុលា